ការលើកជាអនុសាសន៍របស់លោកបណ្ឌិត សុខ ទួច ចុះក្នុងជញ្ចាំង (Wall)របស់គាត់កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៣ ៖
របៀបវារៈដែលជាការគិតរបស់ខ្ញុំគឺ៖១. ផ្តល់ឱកាសអោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបញ្ចប់ភារៈកិច្ចរបស់ខ្លួនតាមនិតិវិធី២. យាងព្រះមហាក្សត្រតាមមាត្រាទី៨ និងទី៩ មកធ្វើជាអាជ្ញាកណ្តាល៣. ត្រូវធ្វើប្រជាមតិប្រជាជន៤. ដាក់សំនួររបស់គណបក្សនីមួយៗឲ្យប្រជាជនផ្តល់មតិ ថាគាំទ្រឬ មិនគាំទ្រនូវការសំរេចចិត្តណាមួយ៥. បង្កើតយន្តការដែលមិនធ្វើអោយមានភាពជាប់គាំងនយោបាយទៅថ្ងៃអនាគត ដោយ៥.១ ឈប់បោះឆ្នោតលើកដៃក្នុងសភា៥.២ កំណត់អាណតិ្តនាយករដ្ឋមន្រ្តី៥.៣ កងកំលាំងត្រូវមានអព្យាក្រិតភាព៥.៤ ថវិការ របស់ស្ថាប័នអំពើពុករលួយ និង ស្ថាប័នតុលាការ ត្រូវអនុម័តដោយសភា៥.៥ កំនែទម្រង់ គ.ជ.ប
ប្រសិនបើ គណបក្សណាមួយមិនព្រមទទួលយក ពេលនោះមានតែកំលាំងម្ចាស់ឆ្នោតចូលរួមធ្វើបាតុកម្មទេដែលជាដំណោះស្រាយ ប៉ុន្តែបើធ្វើបែបនេះ ប្រជាជនសាមញ្ញរងគ្រោះបំផុតវិបត្តិសេដ្ឋកិច្ចនឹងកើតមានឡើង ភាពចលាចលក៏នឹងអាចផ្ទុះឡើងផងដែរ។
ខាងក្រោមនេះគឺជាការបកស្រាយរបស់សមាជិកគ្រួសាររបស់អិលឌីភី ៖
ការលើកដំណោះស្រាយដែលមាន៥ចំណុចធំ និង៥ចំណុចតូចបន្ដនេះ គឺអ្នកសរសេរ សរសេរឡើងក្នុងន័យឲ្យពិចារណា (សំដៅឲ្យនរណាពិចារណាក៏មិនដឹង) យកយន្ដការនេះដើម្បីដោះស្រាយវិបត្តិនយោបាយដែលខ្មែរកំពុងប្រឈម។
អ្វីទៅហៅថាដំណោះស្រាយបញ្ហា? ក្នុងករណីមានបញ្ហា១០កំពុងតែប្រឈម (ឌទាហរណ៍) យន្ដការណាមួយដែលលើកឡើងហើយអាចរាប់បានថាជាដំណោះស្រាយបញ្ហាបាន លុះត្រាតែយន្ដការនោះអាចជួយស្រាយចំណងទាំង១០ដែលកំពុងប្រឈម ឬអាចជួយដោះស្រាយបាន១ ២ ឬយ៉ាងហោចណាស់យន្ដការនោះអាចទប់កុំឲ្យបញ្ហាដែលកំពុងមានទាំង១០ ឈានទៅរីករាលដាលដល់១១ ១២ ១៣បន្ដ ហើយលក្ខខណ្ឌមួយដែលមិនអាចខ្វះបាននោះ អនុសាសន៍ដែលលើកឡើងនោះត្រូវមានលក្ខណ: “ជើងជាប់ដី”។ បាននយ័ថាបើវាមិនអាចដោះស្រាយបាន ឬមិនអាចយកទៅអនុវត្តបាននោះវាមិនមែនជាដំណោះស្រាយទេ។ យើងកុំអាលពិនិត្យលើរបៀបវារ:ទាំង៥ ដែលគេបានលើកឡើង យើងបែរទៅសម្លឹងទស្សនវិស័យក្នុងការដោះស្រាយបញ្ហារបស់អ្នកបង្ហាញរបៀបវារ:សិន ថាវាមានលក្ខណ:បែបណា?
លោកសុខទូចដ៏មហិមាបានសរសេរថា ៖
- បើមិនព្រមទទួលយករបៀបវារ:នេះ ពេលនោះមានតែកំលាំងម្ចាស់ឆ្នោតចូលរួមធ្វើបាតុកម្មទេ ដែលជាដំណោះស្រាយ!
- ប៉ុន្ដែបើធ្វើបែបនេះប្រជាពលរដ្ឋសាមញ្ញងាយរងគ្រោះបំផុតវិបត្តិសេដ្ឋកិច្ចនឹងកើតមាន ភាពចលាចលក៏នឹងអាចផ្ទុះឡើងផងដែរ! (ពាក្យក្នុងពោះខ្ញុំ គឺបើដឹងចឹងហៅគេធ្វើបាតុកម្មរកងាប់អី?)
2ឃ្លានេះបង្ហាញពីការមិនចេះតភ្ជាប់គំនិតរបស់អ្នកសរសេរ។ ដំបូងដាក់អនុសាសន៍មក ហើយថាបើគណបក្សមិនទទួលយកមានតែកម្លាំងម្ចាស់ឆ្នោតធ្វើបាតុកម្ម រួចសរសេរថាបើបាតុកម្មនឹងកើតរឿងរាប់មិនអស់បន្ដ។ ដាក់អនុសាសន៍ឲ្យគេ គេមិនយក ឬចង់យកដែរតែអនុវត្តមិនកើត វាជាបញ្ហាទី១របស់អ្នកដាក់អនុសាសន៍បើទោះជាគេយក ឬមិនយកជាសិទ្ធិរបស់គេក៏ដោយ តែបើវាជាអនុសាសន៍ដែលមានប្រសិទ្ធភាព ច្បាស់ជាគេទទួលយកដៃ២មិនខាន។ នេះបង្ហាញថា អនុសាសន៍រាប់ជាការមិនបាន (ខ្ញុំនឹងសាកល្បងបង្ហាញហេតុផលនៅខាងក្រោម)។ ជំហានទី២ពេលអនុសាសន៍ត្រូវបានទាត់ចោល គឺលោកចង្អុលទៅរកបាតុកម្មមហាជន! លោកបានប្រើពាក្យថា “មានតែ” ។ តែអត់ទាន់សរសេរចុះបន្ទាត់ផងលោកថាបើធ្វើបាតុកម្ម នឹងនាំឲ្យមានបញ្ហាផ្សេងៗបន្ដយ៉ាងច្រើន។ នេះវាបានន័យថាធ្វើបាតុកម្មមិនមែនជាដំណោះស្រាយទេ ព្រោះបើវាជាដំណោះស្រាយវានឹងមិននាំមកជាមួយនូវបញ្ហាឲ្យឈឺក្បាលបន្ដទេ មែនទេលោកបណ្ឌិត?
មិនយល់សោះថាហេតុអ្វីក៏បណ្ឌិតគិតត្រលប់ត្រលិនបែបនេះហ្ន?
ការនិយាយបែបៗនេះស្មើនឹង “ និយាយដូចអត់បានមានប្រសាសន៍”។
យើងមកមើលរបៀបវារ:ដោះស្រាយបញ្ហារបស់លោកបណ្ឌិតជាមួយគ្នាវិញ។
១ ផ្ដល់ឱកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ចប់ភារកិច្ចរបស់ខ្លួនតាមនិតិវិធី
តើពេលដែលក្រុមប្រឹក្សាធម្មនុញ្ញបញ្ចប់ភារកិច្ចរបស់ខ្លួនតាមនីតិវិធី វិបត្តិនានាពិតជានឹងត្រូវបានដោះស្រាយឬ? នេះមិនទាន់និយាយដល់ទេថា ហេតុអ្វីលោកសរសេរថា " ផ្ដល់ឱកាសឲ្យ " ក្រុមប្រឹក្សាធម្មនុញ្ញ? តើនរណាជាអ្នកផ្ដល់ឱកាស? គេនោះវាធំជាងក្រុមប្រឹក្សាធម្មនុញ្ញទៀតឬ ទើបមានអំណាច " ផ្ដល់ឱកាស "? តើក្រុមប្រឹក្សាធម្មនុញ្ញមានអំណាចអារកាត់រឿងនេះមែនឬ? បើមានមែនហេតុអ្វីក៏សូម្បីអំណាចក្នុងការបញ្ចប់និតិវិធីការងាររបស់ខ្លួនក៏ត្រូវចាំគេ " ផ្ដល់ឲ្យ" បានធ្វើកើត? តើស្ថាប័នមួយនេះ ធ្វើការខ្លួនឯង ឬរង់ចាំគេផ្ដល់ឱកាស ឬបើកភ្លើងខៀវឲ្យដំណើរការទើបចាប់ផ្ដើមធ្វើការ? នេះជាការដោះស្រាយមួយដែលសូម្បីតែតួអង្គដំណោះស្រាយ ក៏ជាប់កដោះខ្លួនមិនរួចដែរ។ តើវាមកពីអ្វីលោកបណ្ឌិត? តើមិនមែនផលរបស់ប្រព័ន្ធដឹកនាំដោយអំណាចប្រមូលផ្ដុំទេមែនទេ? វាមិនមានអីចម្លែកសោះឡើយដែលស្ថាបន័នានាក្នុងប្រទេសមានតែដង្ហើមចង្រិតបែបនេះ។
២ យាងព្រះមហាក្សត្រតាមមាត្រា៨ ៩មកជាអាជ្ញាកណ្ដាល
តាមស្ថានភាពជាក់ស្ដែងសូមសួរថាតើតួអង្គនេះមាននាទី សិទ្ធិ អំណាច កាតព្វកិច្ច អាជ្ញាបញ្ជាកម្រិតណាក្នុងវិស័យនយោបាយ? បើចង់ទាញរដ្ឋធម្មនុញ្ញមកអាងក៏ទាញចុះតែកុំភ្លេចស្ថានភាពជាក់ស្ដែង។ ។
៣ ត្រូវធ្វើប្រជាមតិប្រជាជន
នរណាអ្នករៀបចំឲ្យមានប្រជាមតិ?ក្នុងលក្ខខណ្ឌប្រទេសកំពុងស្ថិតក្រោមប្រព័ន្ធដែលប្រមូលផ្ដុំអំណាចដូចសព្វថ្ងៃនេះ តើ " គេ " នឹងអនុញ្ញាតឲ្យមានប្រជាមតិឬ? បើប្រជាពលរដ្ឋខ្មែរមានទាំង "សិទ្ធិ និងអំណាច" បោះឆ្នោតប្រជាមតិដើម្បីសម្រេចវាសនាប្រទេសមែន នោះគឺវាមានន័យថាប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស។ ករណីនេះវាអាចធ្វើទៅបានលុះត្រាតែមានប្រជាធិបតេយ្យពិតប្រាកដ។ សួរថាជាក់ស្ដែងយ៉ាងម៉េច? ម្យ៉ាងក្នុងលក្ខខណ្ឌដែលប្រជាពលរដ្ឋភាគច្រើនមានកម្រិតយល់ដឹងទាប មិនទាំងស្គាល់ផងថាបោះឆ្នោតប្រជាមតិនោះមុខវាម៉េច? គេបោះពេលណា? សួរថារបៀបវារ:នេះដំណើរការកើតទេ? ក្នុងន័យនេះអ្នកលើករបៀបវារ:នេះជើងអត់ជាប់ដី និយាយដូចអត់បានមានប្រសាសន៍។ ទីនេះកម្ពុជា ទីអ្នកខ្លាំងឈ្នះ។ វិបត្តិទាំងអស់កើតពីការក្រាញ់បន្ដអំណាចតាមបែបប្រមូលផ្ដុំអំណាចណាលោក បើគេ "ឲ្យ" មានប្រជាមតិដដែលគេប្រឹងរៀបដូចដែលឃើញរាល់ថ្ងៃនេះឬ? មិនដេកយល់សប្ដិពេកទេមែនទេ ដែលដាក់អនុសាសន៍ឲ្យគេផ្ដល់អំណាចនេះឲ្យពលរដ្ឋ?
ហើយតើតាមមេរៀនវិទ្យាសាស្រ្ដនយោបាយមួយណា ដែលឲ្យពលរដ្ឋដេកចាំទទួលអំណាចដែលអ្នកដឹកនាំប្រគល់ឲ្យ?
៤ គណបក្សនយោបាយរៀបសម្រេចធ្វើអ្វី ត្រូវសុំមតិប្រជាពលរដ្ឋសិន
លក្ខខណ្ឌមួយនេះមិនខុសទេ តែលើកលក្ខខណ្ឌនេះពេលនេះវាមិនត្រូវកាល។ នៅប្រទេសសេរី អ្នកដឹកនាំគេធ្វើអ្វីៗដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋគេ។ គេនៅលើគន្លងប្រជាធិបតេយ្យរួចហើយ អ្នកនយោបាយលេចមុខមកពេលណាដែល គេមានគោលនយោបាយអភិវឌ្ឍប្រទេសខុសពីអ្នកចាស់ គឺគេប្រកួតប្រជែងទស្សន:ដោះស្រាយបញ្ហារបស់ពលរដ្ឋគេ។ អាចនិយាយបានថា បើប្រជាពលរដ្ឋភាគច្រើនក្នុងប្រទេសគេចង់បានបែបណា គណបក្សនយោបាយត្រូវរត់ជើង៣ ជើង៤ មកឆ្លើយតបនឹងតម្រូវការនោះ។ សូមក្រលេកមកមើលខ្មែរ វិញ។ តើយើងនៅលើមាគ៌ាប្រជាធិបតេយ្យឬនៅ? តើអំណាចក្នុងភាពជាម្ចាស់ប្រទេសនៅត្រង់ណា?
ប្រជាពលរដ្ឋខ្មែរមិនទាន់ទាំងមានតំណាងផងណាលោក! រឿងខ្មែរត្រូវធ្វើគឺនាំគ្នាកសាងប្រជាធិបតេយ្យ។ បើមកប្រកួតប្រជែងគឺ គួរណាស់ប្រកួតរកអ្នកនយោបាយណាដែលមាន ទស្សនវិស័យមុតស្រួច និងបេះដូងថ្លាស្អាតក្នុងការដោះស្រាយបញ្ហាជាតិ។ ឯរឿងតើ អភិវឌ្ឍវិស័យសង្គមកិច្ចបែបណាវាត្រូវនិយាយក្នុងជំហានបន្ទាប់។ ម្យ៉ាងប្រជាពលរដ្ឋខ្មែរមានកម្រិតយល់ដឹងទាប ទាបទាំងផ្នែកបច្ចេកទេស ទាបទាំងកម្រិតនៃការវែកញែកវិភាគតាមបែបហេតុ និងផល រួមទាំងជីវភាពក៏ទាប។ សួរថាពលកំសោយបែបនេះអាចមកកំណត់វាសនាប្រទេសជាតិបានទេ? ក្នុងខណ:ដែលប្រជាពលរដ្ឋគ្មានគុណភាព មិនចំលែកសោះឡើយដែលយើងឃើញមានត្រឹមមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលចេញមកសម្រេចវាសនាប្រទេស ជាតិ។ អ្នកនយោបាយត្រូវមានទស្សនវិស័យមុតស្រួច ភ្លឺថ្លា មើលធ្លុះឆ្ងាយជាងប្រជាពលរដ្ឋ ហើយចេញមកពន្យល់ ផ្សព្វផ្សាយពីគោលនយោបាយដោះស្រាយបញ្ហារបស់ខ្លួនដល់ពលរដ្ឋ មិនមែននៅស្រែកតែពីបញ្ហាដូចប្រជាពលរដ្ឋឡើយ។ បើប្រជាពលរដ្ឋមានកម្រិតយល់ដឹងទាប ត្រូវបង្ហាញផ្លូវ កែតម្រង់ ពង្រឹងគុណភាពឡើងវិញ។ បើមិនដូច្នេះទេទាំងអ្នកនយោបាយ ទាំងពលរដ្ឋបំពេញតួនាទីម្ដងម្នាក់ជា អាជ័យធ្លាក់ទឹក ហៃអើៗមិនខាន។ ក្នុងលក្ខខណ្ឌយើងសព្វថ្ងៃ បើគណបក្សណាចង់យករាស្រ្ដធ្វើត្រីវិស័យ នោះវាមានខុសអីពីមេហ្វូងចៀមដែលចេះតែដើរទៅមុខ ដោយហេតុមកពីកូនចៀមខាងក្រោយរុញ ឯកូនចៀមខាងក្រោយចេះតែដើរៗទៅតាមហ្វូង ហេតុមកពីចេះតែឃើញអាខាងមុខទៅ ទើបចេះតែទៅដែរទៅ។
លើករបៀបវារ:នេះនៅពេលនេះគួរឲ្យអាសូរខ្លាំងណាស់ ពីព្រោះវាបង្ហាញពីការទ័លច្រកផង ពីកង្វះទស្សនវិស័យក្នុងការដោះស្រាយបញ្ហាផង។
៥ បង្កើតយន្ដការដែលមិនធ្វើឲ្យមានភាពជាប់គាំងនយោបាយទៅអនាគត
៥-១ ឈប់បោះឆ្នោតលើកដៃក្នុងសភា
ឬមួយលោកបណ្ឌិតនៅស្រពេចស្រពិលថា តំណាងរាស្រ្ដ នៅ ឬមិននៅក្នុងក្រញាំមេបក្សកាន់អំណាច? គេធ្វើបែបនេះ គឺបោះឆ្នោតលើកដៃបែបនេះ វាជាយន្ដការមួយគាបសង្កត់តំណាង រាស្រ្ដក្នុងការសម្រេចចិត្ត។ ខ្លាកំពុងអង្គុយមើលមុខលោក លោកសាកស្រម៉ៃដល់អារម្មណ៍នៃភាពភ័យខ្លាចរបស់អស់លោកតំណាងរាស្រ្ដបន្ដិចទៅមើល។ លោកដាក់របៀបវារៈឲ្យគេឈប់បោះឆ្នោតលើកដៃក្នុងសភានេះ តើលោកដាក់ឲ្យនរណាធ្វើ? វាទាល់តែសភាខ្លួនអែងបញាត្តិថាបោះសម្ងាត់។ចុះបើសភាជារបស់គេ មិនមែនជារបស់ពលរដ្ឋ តើគេនឹងមកយករបៀបវាៈនេះឬ? បើគេថាអញមិនធ្វើ តើលោកមានយន្ដការអីរុញឲ្យគេធ្វើ? នេះអាចនិយាយបានថា លោកនិយាយដូចអត់បានមានប្រសាសន៍ទៀតហើយ។ អំណាចប្រមូលផ្ដុំណាលោក! កាលណាបំបែកអំណាចដែលប្រមូលផ្ដុំនេះបាន តំណាងរាស្រ្ដជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ បោះឆ្នោតអនុម័តច្បាប់អ្វីមួយ គឺក្រសែភ្នែករបស់ពលរដ្ឋទេដែលមានទម្ងន់លើពួកគាត់មិនមែនលោកមេបក្សទៀតទេ។ អ្វីចំពោះមុខរបស់ខ្មែរពេលនេះគឺរួមគ្នាបង្កើតយន្ដការដាក់តំណាងរាស្ដ្រឲ្យមកនៅខាងពលរដ្ឋ រំដោះតំណាងរាស្រ្ដពីក្រញាំមេបក្ស នោះគេនឹងបំពេញតួនាទីដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។
៥-២ កំនត់អាណត្តិនាយករដ្ឋមន្រ្ដី
នេះជាយន្ដការមួយឈានទៅបំបែកអំណាចប្រមូលផ្ដុំដែលគណបក្ស សម្ព័ន្ធដើម្បី ប្រជាធិបតេយ្យបានលើកឡើង។ មិនថ្វីទេដែលលោកមិនបានទទួលស្គាល់វាថាជាយន្ដការរបស់គណបក្សដែលបាន បង្កើតតាំងពីឆ្នាំ២០០៦ ព្រោះយើងស្គាល់និស្ស័យយករបស់គេហើយ ទាត់ម្ចាស់ផ្ដើមគំនិតតែបែបនេះទៅហើយ។ តែដូចដែលសម្ពន្ធ័បានពន្យល់ បកស្រាយជាច្រើនដងរួចមកហើយថាត្រូវមានប្រព័ន្ធមួយទៅបំបែកអំណាចដែលប្រមូលផ្ដុំ មិនមែនយន្ដការ១ឆ្កុយទៅកាត់បន្ថយបានទេ ទើបអាចកាត់បន្ថយអំណាចអ្នកដឹកនាំបាន។ វាគឺជាប្រព័ន្ធ checks and balances ត្រួតពិនិត្យគ្នាបន្ដពីស្ថាប័នមួយទៅមួយ គឺបើអ្នកនេះមិនធ្វើនេះ មានអ្នកនោះមកតាមដាន បើអ្នកមកតាមដាននោះមិនអនុវត្តវាមានស្ថាប័នមួយទៀតមកត្រួតបន្ដទៀត ដែលខ្សែចំណងចុងក្រោយវាត្រូវតែនៅលើដៃប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបោះឆ្នោតរើសតំណាងរាស្រ្ដ(បោះចំមុខ) តំណាងរាស្រ្ដនេះរបស់ពលរដ្ឋធ្វើការទទួលខុសត្រូវមុខពលរដ្ឋ។ តំណាងរាស្រ្ដផ្ដល់សេចក្ដីទុកចិត្តរើសនាយករដ្ឋមន្រ្ដី។ នាយករដ្ឋមន្រ្ដីរើសអេគីបធ្វើការក្រោមការតាមដានរបស់តំណាងរាស្រ្ដ និងតាមច្បាប់ដែលនីតិបញត្តិបានបង្កើត។ មន្រ្ដីរាជាការធ្វើការតាមវិជ្ជាជីវ: និងទទួនខុសត្រូវចំពោះមុខពលរដ្ឋម្ចាស់ប្រទេស។
ដូច្នេះយើងមើលតើលោកមានយុទ្ធសាស្រ្ដអីទៅក្រងជាប្រព័ន្ធដើម្បីបំបែកប្រព័ន្ធដែលប្រមូលផ្ដុំអំណាចបន្ដទៀត?
៥-៣ កងកម្លាំងត្រូវមានអព្យាក្រឹត
នេះជាយន្ដការមួយទៀតរបស់សម្ព័ន្ធតែមិនថ្វីទេយកទៅហើយ ប្រើបានជាប្រយោជន៍ សូមយកចុះ។ តែសុំសួរលោកនូវកូនសំនួរតូចៗខ្លះ។ លោកថាកងកម្លាំង " ត្រូវមាន " អព្យាក្រឹត? តើលោកឲ្យនរណាធ្វើឲ្យកងកំលាំង " ត្រូវមាន " អព្យាក្រឹត? បើ " គេ " មិនធ្វើតាម " ត្រូវតែ " របស់លោក តើឯណាទៅវិធានការឲ្យគេធ្វើតាម? ត្រង់នេះលោកអាចសួរត្រឡប់មកវិញថាចុះយន្ដការរបស់សម្ព័ន្ធដាក់ឲ្យនរណាធ្វើ? ពួកយើងខុសគ្នាត្រង់នេះ! ការដែលប្រាប់ទៅលោកធំថា " ត្រូវតែ " វាពឹងតែលើឆន្ទ:លោកធំ។ អំណាចនៅលើគេ គេ "មានឆន្ទៈ" ធ្វើឬមិនធ្វើស្រេចតែគេ។ សម្ព័ន្ធមិនទៅធ្វើការអត់ប្រយោជន៍ ខាតតែកម្លាំងចឹងទេ។ យើងធ្វើការតែជាមួយពលរដ្ឋ នេះជាការងារក្នុងដៃរបស់យើង។ យើងមិនដេកចាំ " ឆន្ទៈ " លោកធំឡើយ។ ពេលពលរដ្ឋយល់ដឹង ពលរដ្ឋជាអ្នកតម្រង់ទឹសអ្នកនយោបាយឲ្យត្រង់កន្ទុយ។ ទោះលោកធំ " មាន ឬគ្មានឆន្ទ:ធ្វើ " ក៏កម្លាំងពលរដ្ឋរុញឲ្យធ្វើដែរ។ ។ ខណ:ដំបូងពេលពលរដ្ឋល្ងង់ អ្នកនយោបាយសុចរិតជួយតម្រង់ទឹសពលរដ្ឋ។ ដល់ពេលពលរដ្ឋយល់ដឹងហើយ គឺដល់ពេលពលរដ្ឋតម្រង់ទឹសអ្នកនយោបាយវិញ។
ត្រលប់មកយន្ដការរបស់លោកវិញ។លោកនិយាយចោលដោយមិនមានចំណុចផ្ដើម គេទទួល ឬមិនទទួលស្រេចតែលើគេស្មើនឹងនិយាយដូចអត់បានមានប្រសាសន៍។ និយាយឲ្យតែគេយកទៅធ្វើជាអ្នកនយោបាយក៏ទេជាប្រជាពលរដ្ឋក៏មិនធ្វើស្រួលដែរពាក់ផ្លាកជាអ្នកវិភាគចាំតែប៉ោចៗទៅ។ ដាក់ទស្សន:ហើយត្រូវភ្ជាប់សកម្មភាពទៅធ្វើការឆ្លើយតបនឹងទស្សន:នោះទើបជាលក្ខណ: អ្នកមានទស្សន:វិស័យ។
វិធានការនេះត្រូវមានចែងក្នុងច្បាប់ដោយតំណាងរាស្រ្ដ បើតំណាងរាស្រ្ដជាតំណាងបក្ស សួរថាតំណាងរាស្រ្ដរូបណាចេញមកធ្វើច្បាប់នេះ? បើមានសួរថាក្នុងលក្ខខណ្ឌស្ថិតក្រោមក្រញាំមេបក្សបែបនេះ តើគេអាចធ្វើបានទេ? រឿងដែលត្រូវគិតគឺត្រូវជួយគិតគ្នាថា តើមានយន្ដការណាទៅទាញតំណាងរាស្រ្ដឲ្យផុតពីដៃបក្ស?
បើមានបក្សណាចេញមកសាទរថាទទួលយកអនុសាសន៍របស់លោក សួរថាលោកមានអ្វីធានា ឬថាលោកមានអ្វីហៅឲ្យគណបក្សនោះធានាថានឹងមិនឆ្លើយទទួលយកតែមាត់?
៤-៤ ថវិការបស់ស្ថាប័នអំពើពុករលួយនឹងត្រូវអនុម័តដោយសភា
មិនមែនតែស្ថាប័ននេះទេ តែមន្រ្ដីរាជការពេលនេះស្ថិតក្រញាំមេបក្ស លោកបណ្ឌិត។ រឿងដែលត្រូវធ្វើមុនគឺទៅរំដោះមន្រ្ដីរាជការចេញពីបក្សសិន។
៥-៥ កំណែទម្រង់គជប
អត់មានអីចម្លែកដែលក្នុងប្រព័ន្ធប្រមូលផ្ដុំអំណាច គជបជាផ្នែកមួយដែលដើរតួនាទីបំពេញភាពស្របច្បាប់ទៅឲ្យបក្សកាន់អំណាចនោះទេ។ លោកចេញមកថា " កំណែទម្រង់គជប " សួរថានរណាកែ?កែទៅជាបែបណា? ដូរមនុស្ស? ដាក់ប្រព័ន្ធ? បើគេមិនកែយ៉ាងម៉េច? ឬមួយបើមិនកែ អត់? នេះជាផ្នែកមួយរបស់ប្រព័ន្ធដែលប្រមូលផ្ដុំអំណាច ងាយម្លេះអនុសាសន៍ប៉ុន្មានម៉ាត់គេកែតាម? ម្ដងទៀត ខ្ញុំថាលោកនិយាយដូចអត់បានមានប្រសាសន៍។ រឿងត្រូវធ្វើគឺរួមគ្នាបំបែកប្រព័ន្ធដែលប្រមូលផ្ដុំអំណាច។
ខណ:ពេលអំណាចត្រូវបានបំបែក គឺប្រជាពលរដ្ឋមានតុល្យភាពអំណាច ជាមួយអ្នកកាន់ការងារស្រុកទេស។ តំណាងរាស្រ្ដនឹងជាតំណាងរបស់ពលរដ្ឋ មិនមែនជាតំណាងបក្សទៀត។ ដូច្នេះបើពលរដ្ឋភាគច្រើនចង់បានបែបណា សភានឹងបង្កើតច្បាប់ឆ្លើយតបតម្រូវការនោះ។ គជបក៏ដោយ កងកំលាំងក៏ដោយ មន្រ្ដីរាជការក៏ដោយ ស្ថាប័នប្រឆាំងអំពើពុករលួយក៏ដោយ ស្ថាប័នតុលាការក៏ដោយ ក្រុមប្រឹក្សាធម្មនុញ្ញក៏ដោយ រួមទាំងលោកនាយករដ្ឋមន្រ្ដី គ្រប់គ្នាសុទ្ធតែធ្វើការក្រោមប្រព័ន្ធ។ ពួកគេនឹងធ្វើការឆ្លើយតបត្រូវចំតម្រូវការរបស់ប្រជាពលរដ្ឋ ទៅតាមសមត្ថភាព ប្រកបដោយការទទួលខុសត្រូវ។ មកដល់ត្រឹមនេះតើយើងអាចនិយាយបានឬនៅថាគោលដៅរួមរបស់យើងគឺ កសាងសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ? ទាំងអស់គ្នានៅក្រោមច្បាប់? ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ម្ចាស់អំណាច?
បើលោកទទួលស្គាល់ត្រង់នេះ យើងមានរឿងត្រូវជជែកបន្ដ។
គសប បានកំណត់គោលដៅរួមមួយថា “មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់”។ នេះជាអត្តសញ្ញាណទី១របស់គសប។
មិនដឹងថាលោកភ្លេចឬនៅថាលោកធ្លាប់និយាយថា សម្ព័ន្ធរវើរវាយ យល់សប្ដិអំពីគោលដៅនេះ? តែមិនថ្វីទេវាជារឿងចាស់! យើងមកបន្ដភាគរឿងថ្មី ដែលមិនដាច់ពីរឿងចាស់ជាមួយគ្នា!
តើយើងត្រូវសម្រេចគោលដៅនេះដោយរបៀបណា?
គោលដៅរបស់គសបគឺកសាងសង្គមប្រជាធិបតេយ្យ។ បើនិយាយពីសង្គមប្រជាធិបតេយ្យ គឺមិនអាចខ្វះបាននូវការចូលរួមរបស់ប្រជាពលរដ្ឋ ហើយបើនិយាយពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ គឺចាំបាច់ត្រូវនិយាយពីគុណភាពរបស់អ្នកចូលរួម។
ប្រជាពលរដ្ឋដែលមានគុណភាពគឺមានទាំងសមត្ថភាព ចំណេះដឹងផ្នែកបច្ចេកទេស និងសមត្ថភាពក្នុងការវិភាគប្រកបដោយហេតុផល ដោយការទទួលខុសត្រូវ។ និយាយពីការទទួលខុសត្រូវទៅបានលុះត្រាតែប្រជាពលរដ្ឋនោះមានសីលធ៌ម។ អាស្រ័យហេតុនោះហើយទើបគសប បានកំណត់នូវចំណុចចាប់ផ្ដើមរបស់ខ្លួនចេញពីការពន្យល់ ដោយឈរលើគោលធំៗ៣គឺ ពន្យល់អំពីប្រជាធិបតេយ្យ/នយោបាយ កិច្ចបដិបត្តិព្រះធម៌ និងសីលធម៌សង្គម។ នេះហើយជាអត្តសញ្ញាណទី២របស់គសប។
កំណត់គោលដៅរួច កំណត់ចំណុចចាប់ផ្ដើមរួច អត្តសញ្ញាណទី៣របស់គសបគឺ ឥរិយាបថនយោបាយ។ សុចរិតភាពជាបាតគ្រឹះគ្រប់សកម្មភាពនយោបាយរបស់សម្ព័ន្ធ ហើយវាក៏ជាឌត្តមគតិរបស់ពួកយើងផងដែរ។ ការមិននិយាយបំផ្លើសបំផ្លោង មិននិយាយកុហុក អុជអាល លួងលោមបោកបញ្ឆោត រួមទាំងមិននិយាយរបៀបដូចអត់បានមានប្រសាសន៍ជាអ្វីដែលគសបប្រកាន់ខ្ជាប់ តាំងពីចាប់ផ្ដើមមកដល់ពេលនេះ។ មួយវិញទៀត យើងច្បាស់ណាស់ថា ការនិយាយភូតភរ ដើម្បីបោកទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ជាការបំផ្លាញការគិតរបស់ប្រជាពលរដ្ឋ។
គោលដៅរបស់គសបអាចសម្រេចទៅបាន លុះត្រាតែយើងមានធនធានមនុស្សទៅ បំពេញកិច្ចការនេះ។ ក្បាល និងបេះដូងជាគុណសម្បត្តិដែលមិនអាចខ្វះបានរបស់ធនធានមនុស្ស។ ទស្សនវិស័យមុតស្រួច ភ្លឺថ្លា អាចអនុវត្តទៅបាន រួមទាំងបេះដូងស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាជាតិ ជាគុណសម្បត្តិដែលមិនអាចខ្វះបាន។ នេះជាអត្តសញ្ញាណទី៤របស់គសប។
លោកប្រឹងគិតរកមធ្យោបាយដោះស្រាយបញ្ហាប្រទេសជាតិណាស់ដែរ។ តែតើល្អទេបើលោកយករបៀបដោះស្រាយតាមប្រភេទជាក់ស្ដែងនិយម? ឈរលើអ្វីដែលមាន មិនឈរតែលើលក្ខខណ្ឌដដែលៗរបស់លោកគឺ "បើ ... "? ដំណោះស្រាយជាប្រភេទដំណោះស្រាយដល់ឬសគល់នៃបញ្ហា? និយាយ ឬផ្ដល់អនុសាសន៍ដែលមានចំណុចចាប់ផ្ដើម? អាចធ្វើកើត និងចូលរួមធ្វើ?
មិនដឹងថាលោកមានធ្លាប់ចាប់អារម្មណ៍ឬទេថា បាវចនារបស់គសបគឺ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ តើបាវចនានេះវាបានបញ្ជាក់នូវរបៀបធ្វើការរបស់សម័្ពន្ធ ឬយ៉ាងណាវាអាស្រ័យលើការយល់ឃើញ និងបទពិសោធការងាររបស់លោកហើយ!!!!!
អ្នកស្តាប់យល់អិលឌីភីម្នាក់